ចូលរួមជាមួយប្លុកKFM

ហ្វេសប៊ុកពត៌មានខ្មែរសិរី

VISITOR

Flag Counter

Total Pageviews



ព្រះពុទ្ធសាសនា

ព្រះមហា​បណ្ឌិត​ ហុក សាវណ្ណ​ 1 2
ព្រះតេជគុណ​ សាន សុជា 1 2

អានរឿងនិទាន

Powered by Blogger.
Saturday, May 4, 2013

ធម្មជាតិ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ក្រឹត្យ​ក្រម នេះ​របស់​បដិច្ច​សមុប្បាទ

Kampucha Soriya Magazine
យ៉ាង ​ណា​ម៉ិញ, ដោយ​សារ​មាន​ពពក​នៅ​ក្នុង​អាកាស​ ទើប​មាន​ភ្លៀង​ធ្លាក់​ចុះ​ ។ ដោយ​មាន​ភ្លៀង​ធ្លាក់​ចុះ​ ទើប​ផ្លូវ​ ក្លាយ​ទៅ​ជា​រអិល​ ។ ដោយ​ផ្លូវ​រអិល​, ទើប​មាន​មនុស្ស​ដើរ​ទៅ​ដួល​ ។ មនុស្ស​រអិល​ដួល​នោះ​បាន​ត្រូវ​របួស​ ។
យើង​មើល​ឃើញ​ភ្លៀង​បង្អុរ​ចុះ​មក​ ព្រោះ​តែ​មាន​ពពក​នៅ​ក្នុង​អាកាស​, ផ្លូវ​ក្លាយ​ទៅ​ជា​រអិល​ ព្រោះ​តែ​មាន​ភ្លៀង​បង្អុរ​ ចុះ​, មនុស្សនោះ​ដួល​ ក៏​ព្រោះ​តែ​ផ្លូវ​រអិល​, របួស​របស់​គាត់​កើត​មាន​ដោយ​សារ​តែ​តែ​ការ​ដួល​ ។
ដូច្នេះ​ ប្រសិន​បើ​មិន​មាន​ពពក​នៅ​ក្នុង​អាកាស​ទេ​ នោះ​ក៏​ពុំ​អាច​មាន​ភ្លៀង​ធ្លាក់​, នៅ​ពេល​នោះ​ ផ្លូវ​ក៏​មិន​រអិល​, ហេតុ​ នេះ​មនុស្ស​ក៏​មិន​អាច​ដួល​ ហើយ​មនុស្ស​ក៏​មិន​អាច​រង​របួស​ដែរ​ ។

 តើ​ក្រឹត្យ​ក្រម​នោះ​ ប្រព្រឹត្ត​ទៅ​យ៉ាង​ដូច​ម្ដេច​?

នៅ​ក្នុង​ខ្សែ​សង្វាក់​នេះ​ យើង​ឃើញ​ថា​ ឧប្បត្តិ​ហេតុ​មួយ​កើត​ឡើង​អាស្រ័យ​ដោយ​ឧប្បត្តិ​ហេតុ​ដែល​បាន​កើត​មាន​មុន​ នេះ​ ហើយ​បណ្ដាល​អោយ​ឧប្បត្តិ​ហេតុ​ថ្មី​កើត​មាន​បន្ត​បន្ទាប់​ ។ អ្វី​ៗ​ទាំងអស់​ នៅ​ក្នុង​លោក​យើង​នេះ​អាច​ត្រូវ​បាន​គេ​ពន្យល់​ តាម​ខ្សែ​សង្វាក់​មួយ​នៃហេតុ​ និង​ផល​ដូចនេះ​ ។ គ្មាន​អ្វី​កើត​មាន​ឡើង​ដោយ​មិន​អាស្រ័យ​អ្វី​មួយ​ដែល​បាន​កើត​មាន​ពី​មុន​ ទេ​ ហើយ​គ្មាន​អ្វី​មួយ​ដែល​មាន​ដើម​ហេតុ​ អាច​ត្រូវ​បាន​គេ​យល់​ថា​ មិន​បណ្ដាល​អោយ​មាន​អ្វី​មួយ​ទៀត​បន្ត​វេន​នោះ​ទេ​ ។ ដូច្នេះ​ អភិក្រម​ចេះ​តែ​បន្ត​គ្មាន​ទីបំផុត​ ។ អ្វីៗ​ទាំងអស់​ អាច​ត្រូវ​បាន​សារ​ត្រឡប់​ទៅ​ដល់​អ្វី​ដែល​បណ្ដាល​អោយ​មាន​ដើម​ហេតុ​, ហើយ​ អ្វីៗ​ទាំងអស់​អាច​ត្រូវ​បាន​តាម​ដាន​រហូត​ដល់​អ្វី​ដែល​កើត​មាន​បន្ទាប់​ នោះ​ ហើយ​ដែល​កើត​មាន​ឡើង​អាស្រ័យ​ដោយ​ អ្វីៗ​ដែល​មាន​មុន​បន្ទាប់​នោះ​ ។

តើ​វិទ្យាសាស្ត្រ​ធ្វើ​ដូចម្ដេច​ដែរ​ ?

វិទ្យាសាស្ត្រ​ដោយ​ឡែក​គ្រាន់​តែ​តាមដាន​ ឬ​លំអាន​នៃ​ព្រឹត្តិការណ៍​មួយ​ដោយ​ពិពណ៌នា​រៀបរាប់​ឡើងវិញ​ នូវ​ បាតុភូត​ទាំងឡាយ​ជា​បញ្ច្រាស​ ឬ​បណ្ដោយ​ដែល​ព្រឹត្តិការណ៍​នោះ​ចង​ភ្ជាប់​ទៅនឹង​បាតុភូត​ទាំងនោះ​ ។
យ៉ាង​ណា​ម៉ិញ, ភូតគោម​សាស្ត្រ​បាន​ប្រាប់​យើង​ថាៈ ការ​ដុះដាល​ដ៏ល្អ​នៃ​ដើម​ឈើ​មួយ​ដើម​គឺ​ អាស្រ័យ​លើ​ការ​ដាក់​ ជី​ដ៏​សមស្រប​ ហើយ​ជី​សមស្រប​គឺ​អាស្រ័យ​ដោយ​បតិដ្ឋាភាគ​ (Constituants)​ នោះ​ៗ តាម​លំដាប់​លំដោយ​ ។ រូបវិទ្យា​ប្រាប់​យើង​អោយ​ដឹងថា​ ចលនា​របស់​ម៉ាស៊ីន​ ពឹងផ្អែក​លើ​អនុភាព​នៃ​ចំហាយ​ ឯ​ចំហាយ​ពឹងផ្អែក​លើ​ទឹក​ និង​ភ្លើង​ ។

សិគា​លោ​វាទ​សូត្រ

សិគា​លោ​វាទ​សូត្រ​នេះ មាន​ទម្រង់​ជា​របៀប​សន្ទនា​រវាង​ព្រះពុទ្ធ​ និង​យុវជន​សិគាលៈ​ ឬ​ ជា​របៀប​បច្ឆា-វិសច្ជនា យ៉ាង​ពីរោះ​, អ្នក​ម្ខាង​លើក​ឡើង​នូវ​សំណួរ​ ម្ខាង​ទៀត​ឆ្លើយ​នូវ​បញ្ហា​កម្ម​ ។

ផ្ទៃ​រឿង

ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​មក​ហើយ​ យ៉ាង​នេះ​ ៖
ថ្ងៃ​មួយ​នោះ​ ព្រះសម្ពុទ្ធ​បរមគ្រូ​ ទ្រង់​កំពុង​គង់​ប្រថាប់​នៅក្នុង​វត្ត​វេឡុវ័ន​ ជា​កលន្ទកនិវាបស្ថាន ក្បែរ​ក្រុង​រាជគ្រឹះ​ ។
ពេល​នោះ​ យុវជន​មួយរូប​ឈ្មោះ​សិគាលៈ​ ជា​បុត្រ​នៃ​គ្រួសារ​មួយ​តែង​ភ្ញាក់​ពី​ព្រលឹម​ ហើយ​ចេញ​ដើរ​ទៅ​ក្នុង​ក្រុងរាជ គ្រឹះ​ ដោយ​មាន​សក់​ និង​សម្លៀក​បំពាក់​ទទឹក​ជោគ​ លើក​ដៃ​ទាំងពីរ​ប្រណម​ឡើង​ថ្វាយ​បង្គំ​ទិស​ទាំង​ ៦​ គឺ​ ទិស​ខាង​កើត ខាង​ត្បូង​ ខាង​លិច​ ខាង​ជើង​ ខាង​ក្រោម​ និង​ខាង​លើ​។
នៅ​ព្រឹក​ថ្ងៃ​នោះ​ ព្រះបរម​គ្រូ​ទ្រង់​យាង​ទៅ​បិណ្ឌ​បាត្រ​ក្នុង​ក្រុងរាជគ្រឹះ​ ។ ព្រះអង្គ​បាន​ទត​ឃើញ​សិគាលៈ​ កំពុង​ថ្វាយ​ បង្គំ​ទិស​ដូច្នេះ​ ទ្រង់​បាន​មាន​ព្រះ​តម្រាស់​សួរ​ថាៈ​
  • ម្នាល​យុវជន​! ហេតុ​អី្វ​បាន​ជា​អ្នក​ក្រោក​ពី​ព្រលឹម​ ហើយ​ធ្វើ​ដំណើរ​ចេញ​មក​ក្រុង​រាជគ្រឹះ​ មាន​សក់​ និង​ សម្លៀកបំពាក់​ទទឹក​ជោគ​ ហើយ​ថ្វាយ​បង្គំ​ទិស​ដូច្នេះ​ ?
  • បពិត្រ​ព្រះអង្គ​ដ៏ចម្រើន​ ឳពុក​ខ្ញុំ​ព្រះអង្គ​ មុន​ពេល​គាត់​អនិច្ច​កម្ម​ បាន​និយាយ​ប្រាប់​ខ្ញុំ​ព្រះអង្គ​ថាៈ ម្នាល​កូន​ប្រុស​ ឯង​គប្បី​ថ្វាយ​បង្គំ​ទិស​ទាំង​ ៦ ។ ដោយ​គោរព​តាម​បណ្ដាំ​ឳពុក​ខ្ញុំ​ព្រះអង្គ​នោះ ទើប​ខ្ញុំ​ព្រះអង្គ​ក្រោក​ពី​ព្រលឹម​ ចេញ​មក​កាន់​ក្រុង​រាជគ្រឹះ​ ថ្វាយ​បង្គំ​ទិស​ទាំងឡាយ​ ។
  • ម្នាល​យុវជន​! ក្នុង​សាសនា​តថាគត​ គេ​មិន​ថ្វាយ​បង្គំ​ទិស​ទាំង​ ៦​ បែប​នេះ​ទេ​ ។
  • បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ ក្នុង​សាសនា​ព្រះអង្គ​នេះ​ តើ​គេ​ថ្វាយ​បង្គំ​ទិស​ទាំង​ ៦​ ដូច​ម្ដេច​វិញ​ ? សូម​ព្រះ​អង្គ​មេត្តា​ សម្ដែង​ប្រាប់​ខ្ញុំ​ព្រះអង្គ​ផង​ ។
  • បើ​ដូច្នេះ​ យុវជន​ អ្នក​ចូរ​ប្រុង​ស្ដាប់​អោយ​មែន​ទែន​ តថាគត​នឹង​សម្ដែង​ប្រាប់ៈ ម្នាល​យុវជន​ ! សាវ័កត​ថាគត​ បាន​វៀរ​ចាក​មិច្ឆាជីវៈ​ ៤​ យ៉ាង​អស់​មួយ​ជីវិត​ មិន​ធ្វើ​នូវ​អំពើ​បាប​ ដែល​កើត​មាន​អំពី​អគតិ​ ៤​យ៉ាង​អស់​មួយ​ជីវិត​ មិន​ប្រព្រឹត្ត​អបាយ​មុខ​ ៦​យ៉ាង​ដែល​នាំ​អោយ​ហិនហោច​អស់​ទ្រព្យ​សម្បត្តិ​អស់​មួយ​ជីវិត​ ។ សាវ័ក​តថាគត​ ដែល​បាន​លះបង់​នូវ​អំពើ​អាក្រក់​ ១៤​យ៉ាង​នេះ​ ឈ្មោះ​ថា​ជា​អ្នក​គោរព​នូវ​ទិស​ទាំង​ ៦​ ។
ក- ដូចម្ដេច​ហៅ​ថា​ មិច្ឆាជីវៈ​ ?
  • ការ​មិន​សម្លាប់​, ការ​មិន​លួច​, ការ​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម​ គឺ​ខុស​នឹង​គន្លង​ធម៌​លើ​បុត្រ​ ភរិយា​អ្នក​ដទៃ​, និង​ការ​មិន​ពោល​ពាក្យ​កុហក​ ។
ខ- ដូចម្ដេច​ហៅ​ថា​ ធ្វើ​អំពើ​បាប​ បណ្ដាល​មក​ពី​អគតិ​ ៤​យ៉ាង​ ?
  • គឺ​អំពើ​បាប​ដែល​កើត​មក​ពីការ​ស្រឡាញ់​រាប់អាន​ (ឆន្ទា​គតិ), ការ​ខឹង​ក្រោធ​ ស្អប់​ (ទោសា​គតិ), ការ​ល្ងង់​ខ្លៅ​ (មោហា​គតិ), និង​ការ​ភ័យ​ខ្លាច​ (ភយា​គតិ) ។
គ- ដូចម្ដេច​ខ្លះ​ហៅ​ថា អបាយ​មុខ​ ៦​យ៉ាង​ ?
  • គឺ​ការ​ប្រព្រឹត្ត​ល្បែង​ស្រា​ជានិច្ច​, ការ​ដើរ​លេង​តាឡទី​ច្រក​ល្ហក​ខុស​ពេល​វេលា​, ការ​ប្រព្រឹត្ត​ល្បែង​ស្រី​, ការ​ប្រព្រឹត្ត​ល្បែង​ភ្នាល់​គ្នា​, ការ​សេព​គប់​មិត្ត​អាក្រក់​ និង​ការ​ខ្ចិល​ច្រអូស​ ។
  • ការ​ប្រព្រឹត្ត​ល្បែង​ស្រា​ រមែង​មាន​ទោស​ ៦​យ៉ាង​ ៖ ហិន​ហោច​ទ្រព្យ​សម្បត្តិ​ដែល​មាន​ហើយ​, បង្កើត​ការ​ឈ្លោះ​វិវាទ​, នាំ​អោយ​មាន​កើត​រោគ​បាន​ដោយ​ងាយ​, ខូច​ចរិយា​សណ្ដាប់​ធ្នាប់​, មិន​មាន​ការ​អៀន​ខ្មាស​ក្នុង​ការ​លែង​ខ្លួន​ និង​នាំ​អោយ​ខ្សោយ​ប្រាជ្ញា​ ។
  • ការ​ដើរ​លេង​ខុស​ពេល​វេលា​ នាំ​អោយ​មាន​ទោស​ ៦​យ៉ាង​៖ នាំ​អោយ​មាន​អសន្តិសុខ​ដល់​ខ្លួន​, ដល់​បុត្រ​-ភរិយា​, ដល់​ទ្រព្យ​សម្បត្តិ​, នាំ​អោយ​គេ​សង្ស័យ​ថា​ជា​មនុស្ស​ប្រព្រឹត្ត​ចោរកម្ម​ ជា​ដើម​, ការ​ចោទ​ប្រកាន់​ខុស​បែប​បទ​ អាច​ធ្លាក់​មក​លើ​ខ្លួន​, ហើយ​នឹង​មាន​គ្រោះ​ថ្នាក់​ដទៃ​ទៀត​ជា​ច្រើន​ដែល​ត្រូវ​ជួប​ប្រទះ​ ។
  • ការ​ប្រព្រឹត្ត​ល្បែង​ស្រី​ មាន​ទោស​ ៦​យ៉ាង​៖ នាំ​អោយ​គិត​តែ​ដើរ​រក​រោង​រាំ, រោង​ចម្រៀង​, រោង​ដន្ត្រី​, រោង​ល្ខោន​, រោង​ល្បែង​ឆាប​ឃ្មោះ​, និង​រោង​ល្បែង​ស្គរ ឆៃយ៉ាំ ។
  • ការ​ប្រព្រឹត្ត​ល្បែង​ភ្នាល់​គ្នា​ មាន​ទោស​ ៦​យ៉ាង​៖ អ្នក​ឈ្នះ​តែង​តែ​ព្រួយ​បារម្ភ​ចំពោះ​គំនុំ​ចិត្ត​អ្នកចាញ់​ , អ្នកចាញ់​នឹង​ ស្ដាយ​ទ្រព្យ​របស់​ខ្លួន​ដែល​បាន​ចេញ​ទៅ​នោះ​, ទ្រព្យ​សម្បត្តិ​ដែល​ធ្លាប់​មាន​មក​ហើយ​នោះ​ នឹង​វិនាស​បាត់​បង់​ទៅ​ វិញ​, ពាក្យ​សម្ដី​គ្មាន​តម្លៃ​នៅក្នុង​តុលាការ​, ត្រូវ​មិត្តភ័ក្ត្រ​ និង​អ្នក​រាជ​ការ​មើល​ងាយ​មើល​ថោក​, មិន​មាន​នរណា​ម្នាក់​ ចង់​ទាក់​ទង​អោយ​កូនចៅ​មាន​គូរស្រករ​ជាមួយ​ ព្រោះ​គេ​និយាយ​ថា​ មនុស្ស​ល្បែង​ មិន​អាច​ចិញ្ចឹម​ភរិយា​របស់​ខ្លួន​បាន​ឡើយ​ ។
  • ការ​សេព​គប់​បាប​មិត្ត​ មាន​ទោស​ ៦​យ៉ាង​៖ អាច​ក្លាយ​ទៅ​ជា​អ្នកល្បែង​, អ្នកលេង​ស្រី​, អ្នក​ប្រមឹក​, អ្នក​ឆបោក​, អ្នក​លួចប្លន់​, ជា​មនុស្ស​មាន​មិត្តភ័ក្ត្រ​ច្រើន​តែ​ជា​មនុស្ស​កំណាច​ ។
  • មនុស្ស​ទម្លាប់​ខ្លួន​អោយ​ខ្ជិល​ច្រអូស​ មាន​ទោស​ ៦​យ៉ាង​៖ មនុស្ស​នោះ​តែង​តែ​និយាយ​ថាៈ ត្រជាក់​ពេក​ធ្វើការ​មិន​ កើត​, ក្ដៅ​ពេក​, ព្រឹក​ពេក​, យប់​ពេក​, ឃ្លាន​ពេក​, ឆ្អែត​ពេក​, ធ្វើការ​មិន​កើត​ ។ ម្ល៉ោះ​ហើយ​ កិច្ចការ​ដែល​ត្រូវ​ធ្វើ​ ប៉ុន្មាន​ឥត​បាន​ធ្វើ​ទាំងអស់​ ។ ទ្រព្យ​សម្បត្តិ​ថ្មី​ៗ​ គ្មាន​ចូល​ ហើយ​ទ្រព្យ​សម្បត្តិ​ដែល​បាន​រក​មក​ហើយ​ ត្រូវ​ចាយ​វាយ​អស់​ ។
  • មិត្ត​មិន​គួរ​សេព​គប់​មាន​ ៤​ពួក​៖
    ក- មិត្ត​ល្មោភ​ប្រាក់​កាសៈ​ចាយ​បន្តិច​បន្តួច​ តែ​សម្លឹង​យក​ប្រយោជន៍​ច្រើន​, ធ្វើ​ការ​អ្វីដោយសារ​សេចក្ដី​ខ្លាច​ និង​គិត​តែ​ ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ ។
    ខ- មិត្ត​បាន​តែ​មាត់ៈ​ដល់​ពេល​មាន​កិច្ចការ​ពឹងពាក់​ម្ដងម្កាល​ ដោះ​ដៃ​ថា​យ៉ាងនេះ​ យ៉ាងនោះ​ ។
    គ- មិត្ត​ចាក់​បណ្ដោយៈ​យល់​ស្រប​ទាំងអស់​ក្នុង​ការ​ធ្វើការ​អាក្រក់​ ហើយ​ប្រឆាំង​ជានិច្ច​ក្នុង​ការ​ធ្វើ​ត្រូវ​ សរសើរ​យើង​តែ​នឹង​មុខ​ និយាយ​ដើម​ប្រាប់​អ្នក​ដទៃ​ពីក្រោយ​ខ្នង​ ។
    ឃ- មិត្ត​ជួយ​បំផ្លាញៈតាំង​ខ្លួន​ជា​មិត្ត​របស់​យើង​ ពេល​ណា​យើង​មាន​លុយ​ផឹក​ស៊ី​ ពេល​យើង​ដើរ​លេង​ ខុស​ពេល​តាម​ច្រក​ ពេល​យើង​ទៅ​មើល​កុន​ល្ខោន​ ឬ​ទៅ​ដើរ​លេង​ស្រី​ ឬ​ក៏​ក្នុង​ពេល​ដែល​យើង​កំពុង​ប្រព្រឹត្ត​ ល្បែង​ភ្នាល់​ ។
  • មិត្ត​គួរ​សេព​គប់​រក​មាន​ ៤​ពួក​៖
    ក- មិត្ត​ឧបត្ថម្ភៈជួយ​ថែទាំ​យើង​ ក្នុង​ពេល​ដែល​យើង​គ្មាន​អ្នក​ថែទាំ​, ជួយ​ថែរក្សា​ទ្រព្យ​សម្បត្តិ​យើង​ ក្នុង​ពេល​ដែល​យើង​មិន​នៅ​, ជា​ពំនឹង​របស់​យើង​ ក្នុង​ពេល​ដែល​យើង​មាន​ភ័យ​ និង​ជួយ​រំលែក​ការងារ​ដ៏​លំបាក​ៗ​ បើ​យើង​ត្រូវ​ការ​ពឹងពាក់​ ។
    ខ- មិត្ត​រួម​សុខ​ទុក្ខៈប្រាប់​យើង​នូវ​រឿង​អាថ៌កំបាំង​របស់​ខ្លួន​គេ​, បិទ​បាំង​នូវ​អាថ៌កំបាំង​របស់​យើង​ មិន​បោះបង់​ យើង​ នៅ​ពេល​ដែល​យើង​មាន​ការ​លំបាក​ ហ៊ាន​លះបង់​សូម្បី​ជីវិត​របស់​ខ្លួន​ ចំពោះ​ជីវិត​របស់​យើង​ ។
    គ- មិត្ត​មគ្គុទេសក៍ៈហាម​ឃាត់​យើង​មិន​អោយ​ធ្វើ​នូវ​អំពើ​ខុស​, រួបរួម​ជាមួយ​នឹង​យើង​ក្នុង​អំពើ​ត្រូវ​, ប្រាប់​យើង​នូវ​រឿងរ៉ាវ​ដែល​យើង​មិន​ដែល​ធ្លាប់​បាន​ឮ​, បង្ហា្ញញ​យើង​នូវ​ផ្លូវ​ទៅ​រក​សេចក្ដី​សុខ​ ។
    ឃ- សមាន​មិត្តៈមិន​ត្រេកអរ​ចំពោះ​គ្រោះថ្នាក់​របស់​យើង​, រីករាយ​ចំពោះ​ការ​ចំរុងចម្រើន​របស់​យើង​, ហាម​ឃាត់​នរណា​មួយ​ដែល​និយាយ​អាក្រក់​អំពី​យើង​, សរសើរ​បុគ្គល​ណា​ដែល​និយាយ​ល្អ​ពី​យើង​ ។
ម្នាល់​យុវជន​, មាតា​បិតា​ ទុក​ជា​ទិស​ខាងកើត​, គ្រូ​បង្រៀន​ ជា​ទិស​ខាងត្បូង​, ភរិយា​ និង​បុត្រធីតា​ ជា​ទិស​ខាងលិច​, មិត្ត​សំម្លាញ់​ ជា​ទិស​ខាងជើង​, អ្នក​បម្រើ​ និង​កម្មករ​ ជា​ទិស​ខាង​ក្រោម​, គ្រូ​ឧបជ្ឈាយ៍​ និង​ព្រាហ្មណ៍​ ជា​ទិស​ខាង​លើ​ ។
  • កូន​គួប្បី​សង្គ្រោះ​មាតា​បិតា​ដោយ​ន័យ​ ៥​យ៉ាង​៖
    - ត្រូវ​តែ​ទំនុក​បម្រុង​លោក​វិញ​ ព្រោះ​លោក​បាន​ទំនុក​បម្រុង​ខ្លួន​យើង​ពី​មុន​មក​
    - ត្រូវ​តែ​ជួយ​ធ្វើការ​ សម្រាល​ភារៈ​របស់​លោក​
    - ត្រូវ​រក្សា​ទុក​នូវ​វង្ស​ត្រកូល​ និង​ប្រពៃណី​របស់​គ្រួសារ​
    - ត្រូវ​តែ​ធ្វើ​ខ្លួន​អោយ​សមគួរ​ ល្មម​ជា​អ្នក​ទទួល​នូវ​កេរ​មរតក​,
    - ធ្វើ​បុណ្យ​ទាន​ឧទ្ទិស​កុសល​ជូន​លោក​
  • ក្នុង​ន័យ​ដូច​គ្នា​, មាតាបិតា​គប្បី​សង្គ្រោះ​បុត្រធីតា​ដោយ​ន័យ​ ៥​យ៉ាង​៖
    - ហាម​ឃាត់​កូន​មិន​អោយ​ធ្វើ​អំពើ​អាក្រក់
    - ណែនាំ​កូន​អោយ​ធ្វើ​តែ​អំពើ​ល្អ
    - អប់រំ​កូន​អោយ​មាន​ការងារ​មុខ​របរ​សមរម្យ
    - រៀប​ចំ​អាពាហ៍ពិពាហ៍​អោយ​កូន​, និង​
    - ប្រគល់​កេរ​មរតក​តាម​ការ​គួរ​ ។
  • សិស្ស​ត្រូវ​ឧបត្ថម្ភ​គ្រូ ដោយ​ន័យ​ ៥​យ៉ាង​៖
    - ដោយ​ការ​ក្រោក​ទទួល
    - ធ្វើ​គារវ​កិច្ច
    - ចាំ​បម្រើ​គ្រូ
    - យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រៀន​សូត្រ​
    - ចាត់ចែង​ទឹក​ក្ដៅ​ ទឹក​ត្រជាក់​ គក់​ច្របាច់​ ។
  • គ្រូ​គប្បី​សង្គ្រោះ​សិស្ស​ដោយ​ន័យ​ ៥​យ៉ាង​៖
    - ប្រៀន​ប្រដៅ​សិស្ស​ដោយ​ល្អ
    - បង្រៀន​សិស្ស​ដោយ​ល្អ
    - បង្រៀន​សិស្ស​គ្រប់​មុខ​វិជ្ជា​ដែល​ខ្លួន​ចេះ
    - ប្រកាស​គុណ​សម្បត្តិ​របស់​សិស្ស​ក្នុង​កណ្ដាល​ទី​ប្រជុំ
    - រក្សា​ការពារ​សិស្ស​គ្រប់​មធ្យោបាយ​ទាំងអស់​ ។
  • ស្វាមី​គប្បី​សង្គ្រោះ​ភរិយា​ដោយ​ន័យ​ ៤​យ៉ាង​៖
    - ស្រឡាញ់​រាបអាន​ដ៏​ស្មោះ
    - ពោល​ពាក្យ​ទន់ភ្លន់​ មិន​មើល​ងាយ​មើល​ថោក
    - មិន​ក្បត់​ ប្រគល់​តំណែង​ជា​ស្រី​មេផ្ទះ​ពេញ​លក្ខណៈ
    - ផ្ដល់​គ្រឿង​អលង្ការ​ផ្សេង​ៗ តាម​ការ​គួរ ។
  • ភរិយា​គប្បី​សង្គ្រោះ​ស្វាមី​ដោយ​ន័យ​ ៥​យ៉ាង​៖
    - ចាត់​ចែង​ធ្វើ​ការ​គ្រប់​យ៉ាង​ដោយ​ផ្ចិត​ផ្ចង់
    - រាប់អាន​ញាតិ​ខាង​ស្វាមី​ និង​ញាតិ​ខាង​ខ្លួន​ដោយ​ស្មោះ​ស្មើ
    - ថែររក្សា​ទ្រព្យសម្បត្តិ​ដែល​ស្វាមី​រក​មក​ទុក​អោយ​គង់​វង្ស​
    - មិន​ក្បត់​ចិត្ត​នឹង​ស្វាមី
    - ប៉ិន​ប្រសប់​ និង​ប្រឹងប្រែង​ជានិច្ច​ធ្វើការ​គ្រប់​យ៉ាង​របស់​ខ្លួន ។
  • នាយ​ចៅហ្វាយ​គប្បី​សង្គ្រោះ​កម្មករ​ដោយ​ន័យ​ ៥​យ៉ាង​៖
    - តម្រូវ​អោយ​ធ្វើ​ការងារ​តាម​សម​គួរ​ដល់​កម្លាំង
    - ផ្ដល់​អាហារ ​និង​តម្លៃ​ឈ្នួល​តាម​គួរ
    - ជួយ​ព្យាបាល​ ក្នុង​គ្រា​មាន​ជំងឺ
    - ចែក​រំលែក​នូវ​វត្ថុ​ចម្លែក​ៗ
    - អនុញ្ញាត​ច្បាប់​សម្រាក​តាម​ការ​គួរ​ ។
  • កម្មករ​គប្បី​សង្គ្រោះ​ចៅ​ហ្វាយនាយ​ដោយ​ន័យ​ ៥​យ៉ាង​៖
    - ក្រោក​ពី​ដេក​មុន​នាយ​ចៅហ្វាយ
    - ប្រកប​ការងារ​មុន​ចៅ​ហ្វាយនាយ
    - រីករាយ​ទទួល​តែ​វត្ថុ​អ្វី​ដែល​អោយ​ដល់​ខ្លួន
    - ធ្វើការ​របស់​ខ្លួន​ដោយ​យក​ចិត្ត​ទុក​ដាក់
    - និយាយ​សរសើរ​កិត្តិគុណ​របស់​នាយ​ចៅហ្វាយ​ក្នុង​ទី​ទាំង​ពួង ។
សិគាលោវាទសូត្រ​នេះ​មាន​នៅ​ក្នុង​គម្ពីរ​ទីឃនិកាយ​ ជា​សូត្រ​ខ្លីៗ​តែ​ងាយ​យល់​ ជា​សូត្រ​ស្ដី​អំពី​ការ​រស់​នៅ​ដ៏​ប្រសើរ​ នៅ​ក្នុង​សង្គម​មនុស្ស​ ។ សូត្រ​នេះ​មាន​អត្ថន័យ​ និង​គុណ​ប្រសើរ​វិសេស​សម្រាប់​មនុស្ស​ទូទៅ​ ហើយ​អាច​យក​មក​អនុវត្តន៍​ បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​ ។ ប្រពៃណី និង​ការ​រស់​នៅ​របស់​មនុស្ស​តែង​ប្រែប្រួល​ពី​សតវត្ស​មួយ​ទៅ​សតវត្ស​មួយ​ តែ​គោល​ធម៌​សំខាន់​ៗ នៃ​ចរិយា​ត្រូវ​ និង​ខុស​ ពុំ​ប្រែប្រួល​ឡើយ​ ។ ឱវាទ​ដ៏​ប្រសើរ​នេះ​ នៅ​តែ​មាន​សេចក្ដី​ពិត​រស់​រវើក​គ្រប់​ ពេល​វេលា​ទាំងអស់​ ចំពោះ​មុនស្ស​ទូទៅ​ ។ សិគាលោវាទសូត្រ​នេះ​ ទាក់ទង​ទៅ​នឹង​សង្គម​មនុស្ស​ទាំង​ស្រុង​ ។
ព្រះឱវាទ​របស់​ព្រះអង្គ​ក្នុង​សូត្រ​នេះ​ ងាយ​ស្ដាប់​ ងាយ​យល់​ ហើយ​មាន​ភាព​ពិត​ឥត​ល្អៀង​ផង ពី​ទិដ្ឋភាព​គ្រប់​យ៉ាង​ នៃ​ជីវិត​ប្រចាំ​ថ្ងៃ​របស់​មនុស្ស​ទូទៅ​ ។ ត្រង់​នេះ​ បញ្ជាក់​អោយ​ឃើញ​ថា​ព្រះពុទ្ធ​ ព្រះអង្គ​បាន​ស្គាល់​យ៉ាង​ច្បាស់​ នូវ​ជីវិត​របស់ មនុស្ស​, ជា​អ្នក​ប្រាកដ​និយម មាន​ព្រះទ័យ​ពោរពេញ​ទៅ​ដោយ​មេត្តា​ និង​ ករុណា​ ដែល​ជា​កល្យាណ​មិត្ត​របស់​មនុស្ស​ ទាំងអស់​ ។
បញ្ហា​គ្រប់​យ៉ាង​នៃ​មនុស្ស​លោក​ អាច​រលុប​រលាយ​សាបសូន្យ​ទៅ​បាន​ ប្រសិន​​​​​​​​​​​​​​​​​បើ​ពិភព​លោក​សិក្សា​ក្នុង​សូត្រ​នេះ ហើយ​ប្រតិបត្តិ​តាម​ដោយ​ម៉តចត់​ ។ សិគាលោវាទសូត្រ​នេះ ជា​ធម៌​សម្រាប់​ដោះស្រាយ​បញ្ហា​សង្គម​ បញ្ហា​សេដ្ឋកិច្ច​ និង​ បញ្ហា​សីលធម៌​ ។ សិគាលោវាទសូត្រ​នេះ ប្រសើរ​ដាច់​គេ​ក្នុង​ចំណោម​វណ្ណកម្ម​ផ្សេង​ៗ ខាង​សាសនា​ ក្នុង​ពិភព​លោក​ ។ សូត្រ​នេះ​គ្មាន​លាយឡំ​នឹង​ទិដ្ឋ​ (ជំនឿ​ផ្សេងៗ​) ឬ​បរមត្ថ​វិជ្ជា​អាថ៌កំបាំង​ឡើយ​ ព្រោះ​ឱវាទ​ក្នុង​សូត្រ​នេះ​មាន​ន័យ​ភ្លឺ​ច្បាស់លាស់​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​ បំផុត​ ប្រៀប​ដូចជា​ដុំ​ត្បូង​ដែល​គេ​បាន​ច្នៃ​ហើយ​យ៉ាង​បរិសុទ្ធ ។ សូត្រ​នេះ ជា​ពុទ្ធវចនៈ​ផ្ទាល់​ ដែល​ព្រះអង្គ​បាន​សំដែង​ប្រាប់​ដល់​មនុស្ស​ ក្នុង​ពិភព​លោក​ទាំងមូល​ ។
ប្រមូល​រៀបរៀង​ដោយ ម៉ែន ប្រាង និងអាំ ឆន ពិនិត្យ និង​កែ​សម្រួល​ដោយ ឱម ខែម
ដក​​​ស្រង់​​​ចេញ​​​ពី​​​ទស្សនា​​​វដ្ដី “កម្ពុជ​​​សុរិយា​​​” ផ្សាយ​​​អក្សរសាស្រ្ត​​​សាសនា និង​​​អក្សរ​​​សាស្ត្រទូទៅ
បោះ​​​ពុម្ព​​​ផ្សាយ​​​ដោយ​​​វិទ្យាស្ថាន​​​ពុទ្ធ​​​សាសន​​​បណ្ឌិត្យ
ឆ្នាំ​​​ទី​​​ ៤៨ ​​​លេខ ១ ខែ មករា​​​-​​​កុម្ភៈ​​​-​​​មីនា
ព.ស.  ២៥៣៨  គ.ស. ១៩៩៤
Source from http://khmerpoem.com

0 comments:

Post a Comment

Thank you for your comments!













Search